ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស បញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាន។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ត្រូវបានរក ឃើញលើអ្នកដំណើរពីបរទេស តាមជើងហោះហើរចំនួន ៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករ លក់នំបញ្ចុះស្រុះ នៅផ្សារតូចទួលសង្កែ ១នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១និងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ត្រូវបានរកឃើញ លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន២នាក់ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ និងពលករមកពីថៃចំនួន៩នាក់។

ក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេស ថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុប ចំនួន៣២៧នាក់ (ស្រី១៥៧នាក់)៕