លោកបៃដិនផ្តល់ជូន “ជម្រកសុវត្ថិភាព” បណ្តោះអាសន្នដល់អ្នកហុងកុងនៅសហរដ្ឋអាម៉េរិក

ប្រធានាធិបតីចូ បៃដិនកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែសីហាបានផ្តល់ជូន “ជម្រកសុវត្ថិភាព” បណ្តោះអាសន្នដល់ប្រជាជនហុងកុងនៅសហរដ្ឋអាម៉េរិក ដោយអនុញ្ញាតឱ្យមនុស្សរាប់ពាន់នាក់អាចបន្តស្នាក់នៅក្នុងប្រទេសនេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថាជាការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើលទ្ធិប្រជាធិបតេយ្យនៅក្នុងដែនដីចិនមួយនេះ។

លោកបៃដិនបានបញ្ជាក្រសួងសន្តិសុខមាតុភូមិឱ្យអនុវត្ត “ការពន្យារពេលនៃការចាកចេញ” រហូតដល់ ១៨ ខែសម្រាប់ប្រជាជនហុងកុងបច្ចុប្បន្ននៅសហរដ្ឋអាម៉េរិក ដោយលើកឡើងពី”ហេតុផលគោលនយោបាយការបរទេសដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង”។

លោកបៃដិនបាននិយាយក្នុងកំណត់ហេតុមួយថា “ក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ សាធារណរដ្ឋប្រជាមានិតចិនបានបន្តការវាយប្រហារទៅលើស្វ័យភាពរបស់ហុងកុងដោយធ្វើឱ្យអន្តរាយដល់ដំណើរការនិងស្ថាប័នប្រជាធិបតេយ្យដែលនៅសេសសល់របស់ខ្លួន ដាក់កំហិតលើសេរីភាពរបស់បញ្ញវន្ត និងបង្ក្រាបលើសេរីភាពសារព័ត៌មាន”។

លោកបាននិយាយថា ការផ្តល់ជម្រកសុវត្ថិភាពសម្រាប់ប្រជាជនហុងកុង”គឺបង្ហាញការយកចិត្តទុកដាក់បន្ថែមរបស់អាម៉េរិកនៅក្នុងតំបន់។សហរដ្ឋអាម៉េរិកនឹងមិនរារែកឡើយចំពោះការគាំទ្ររបស់យើងចំពោះប្រជាជននៅហុងកុង”។

គេមិនច្បាស់ថាតើមនុស្សប៉ុន្មាននាក់នឹងទទួលឥទ្ធិពលពីចំណាត់ការនេះទេ ប៉ុន្តែប្រជាជនហុងកុងភាគច្រើននៅសហរដ្ឋអាម៉េរិកបច្ចុប្បន្នត្រូវគេរំពឹងថានឹងមានសិទ្ធិទទួលបានជម្រកសុវត្ថិភាព នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកនឹងមិនឈរនៅស្ងៀមទេ ខណៈសាធារណរដ្ឋប្រជាមានិតចិនកំពុងរំលោភការសន្យារបស់ខ្លួនចំពោះហុងកុងនិងសហគមន៍អន្តរជាតិ៕