ខណៈរូបភាពនៃអគ្គិភ័យនិងទឹកជំនន់គ្របដណ្តប់លើវដ្តព័ត៌មាននៅទូទាំងពិភពលោកគណៈកម្មការវិទ្យាសាស្ត្រអាកាសធាតុរបស់អង្គការសហប្រជាជាតិនឹងបង្ហាញនូវការព្យាករណ៍ដែលរំពឹងទុករបស់ខ្លួនអំពីសីតុណ្ហភាពនិងកម្រិតទឹកសមុទ្រនៅថ្ងៃចន្ទទី៩សីហា (ថ្ងៃអង្គារនៅកម្ពុជា)ពោលគឺជាងបីខែនៅមុនកិច្ចប្រជុំកំពូលអាកាសធាតុដ៏សំខាន់មួយនៅស្កុតឡែន។
បន្ទាប់ពីការចរចាតាមអនឡាញអស់រយៈពេលពីរសប្តាហ៍ ប្រទេសចំនួន១៩៥ បានអនុម័តទទួលស្គាល់ការវាយតម្លៃគ្រប់ជ្រុងជ្រោយរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល (IPCC) ស្តីពីការឡើងកម្តៅពីអតីតកាលនិងអនាគតកាលពីថ្ងៃសុក្រក្នុងទម្រង់ជា “សេចក្តីសង្ខេបសម្រាប់អ្នកបង្កើតគោលនយោបាយ”។
របាយការណ៍ ដែលត្រូវបានត្រួតពិនិត្យនិងអនុម័តមួយបន្ទាត់ម្តងៗ មួយពាក្យម្តងៗទំនងជាបង្ហាញនូវរូបភាពដ៏អាប់អួរនៃការកើនឡើងនូវបម្រែអាកាសធាតុនិងការគំរាមកំហែងយ៉ាងខ្លាំងនៅលើផែនដី។បន្ទាប់ពីគ្រោះទឹកជំនន់នៅឥណ្ឌា ចិននិងអឺរ៉ុបខាងជើងក៏ដូចជារលកកម្តៅដ៏មរណានៅអាម៉េរិកខាងជើងនិងអឺរ៉ុបខាងត្បូង របាយការណ៍របស់ IPCCគឺជារបាយការណ៍វាយតម្លៃដំបូងគេចាប់តាំងពីឆ្នាំ ២០១៤ ។
ទាំងពិភពលោកនិងវិទ្យាសាស្ត្របានផ្លាស់ប្តូរយ៉ាងច្រើនចាប់តាំងពីពេលនោះមក។ដោយបច្ចេកវិជ្ជាកាន់តែទំនើបអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រវាស់វែងការប្រែប្រួលអាកាសធាតុនិងព្យាករណ៍អំពីវិថីអនាគតរបស់ខ្លួនរបាយការណ៍នេះនឹងធ្វើការព្យាករណ៍អំពីការផ្លាស់ប្តូរសីតុណ្ហភាពពិភពលោករហូតដល់ចុងសតវត្សរ៍នេះក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នផ្សេងៗគ្នា។
ដោយផ្អែកលើការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយស្ទើរតែទាំងស្រុង របាយការណ៍នេះអាចនឹងព្យាករណ៍សូម្បីក្រោមសេណារីយ៉ូសុទិដ្ឋិនិយម ឃើញអាកាសធាតុកើនឡើងហួសគោលដៅកំណត់ ១,៥ អង្សាសេយ៉ាងលឿននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង កែសម្រួលការប៉ាន់ស្មានរបស់ខ្លួនចំពោះការកើនឡើងកម្ពស់ទឹកសមុទ្ររយៈពេលវែង។
របាយការណ៍នេះក៏ត្រូវគេរំពឹងដែរថានឹងឆ្លុះបញ្ចាំងពីវឌ្ឍភាពដ៏ធំធេងនៅក្នុងអ្វីដែលគេហៅថាវិទ្យាសាស្ត្រកំណត់គុណលក្ខណៈដែលអនុញ្ញាតឱ្យអ្នកជំនាញភ្ជាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនីមួយៗដោយផ្ទាល់ទៅនឹងការប្រែប្រួលអាកាសធាតុដែលមនុស្សបង្កើតឡើង។ខណៈរបាយការណ៍ IPCC មានលក្ខណៈវិទ្យាសាស្ត្រសុទ្ធសាធ សេចក្តីសង្ខេបសម្រាប់អ្នកបង្កើតគោលនយោបាយត្រូវបានចរចាដោយតំណាងជាតិនីមួយៗ ហើយដូច្នេះត្រូវប្រកួតប្រជែងនឹងអាទិភាពជាច្រើន៕
































