(អាល្លឺម៉ង់)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា អធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មឺកែល បានមាន ប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់សម្រេចផ្តល់ថវិកាប្រមាណ ៣០ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៥ពាន់លានដុល្លារ ដល់តំបន់ភាគខាងលិចប្រទេស ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ កាលពី ខែមុននេះ ដើម្បីជួយចំណាយលើការជួសជុល និងសាងសង់ឡើងវិញ។
សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីលោកស្រី បានពិភាក្សាជាមួយមេដឹកនាំថ្នាក់តំបន់ជុំវិញបញ្ហានេះ ដោយលោកស្រីបាន និយាយថា អាល្លឺម៉ង់នឹងផ្តល់ថវិការហូតដល់ ៣០ពាន់លានអឺរ៉ូ ដើម្បីស្តារឡើងវិញ បន្ទាប់ពីគ្រោះ ទឹកជំនន់ដ៏អាក្រក់មួយ បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅតំបន់ ភាគខាងលិចប្រទេសកាលពីខែមុននេះ។
លោកស្រី មឺកែល បានគូសបញ្ជាក់ថា ការចំណាយនឹងត្រូវបានចែករំលែករវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋចំនួន១៦ ដោយបានហៅសេចក្តីសម្រេចនេះថាជា «សញ្ញានៃសាមគ្គីភាពជាតិ»៕
































