ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២២,៧៨២នាក់, ស្លាប់ ១៤៧នាក់ ក្នុងរបាយការណ៍ ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានបញ្ជាក់អោយដឹងថា
ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរាយ ការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,៧៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២២,៤០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៧៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧ នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២៣,៦៤៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេស ចំនួន ៨៣៩,៧៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៩៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦២៣,៨០១នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕