ពួកតាលីបង់ព្រមានបន្ទាប់ពី អង់គ្លេស បារាំងនិងអាឡឺម៉ង់ សុំអោយបៃដិន ពន្យារពេលជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន

កាប៊ុល៖ ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន នឹងប្រឈមសម្ពាធអោយពន្យារកាលកំណត់ថ្ងៃ៣១សីហាដើម្បីជម្លៀសមនុស្សរាប់ពាន់នាក់ដែលស្វះស្វែងភៀសខ្លួនចេញពីការគ្រប់គ្រងរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន នៅពេលលោកជួបប្រជុំជាមួយក្រុមមេដឹកនាំមកពីប្រទេសឧស្សាហកម្មជឿន លឿនទាំង៧(G7)នៅក្នុងជំនួបផ្ទាល់នៅថ្ងៃអង្គារទី២៤សីហា។

បណ្តាប្រទេសលោកខាងលិចកំពុងខិតខំនាំពលរដ្ឋរបស់គេពីអាកាសយានដ្ឋានក្រុងកាប៊ុលមកស្រុកវិញនិងជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលមានបំណងគេចចេញពីការគ្រប់គ្រងរបស់ពួកតាលីបង់ដោយសារភ័យខ្លាចអំពីការសងសឹកនិងការគ្រប់គ្រងបែបអភិរក្សដ៏តឹងរឹង។

ជំនួបក្រុមមេដឹកនាំG7 រួមមានអាម៉េរិក អង់គ្លេស អ៊ីតាលី បារាំង អាឡឺម៉ង់ ជប៉ុននិងកាណាដា នឹងផ្តោតលើការងារជម្លៀសមនុស្ស ព្រមទាំងអនាគតវែងឆ្ងាយរបស់អាហ្វហ្គានីស្ថាន នេះបើតាមការអោយដឹងពីនាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន ដែលនឹងជាប្រធានដឹកនាំកិច្ចប្រជុំនេះ។

លោកបាននិយាយនៅក្នុងសេសក្តីថ្លែងការណ៍មួយថា« អាទិភាពរបស់យើងគឺការជម្លៀសអោយចប់សព្វគ្រប់ពលរដ្ឋរបស់យើងនិងជនជាតិអាហ្វហ្គានីស្ថានដែលបានជួយការងាររបស់យើងនៅ២០ឆ្នាំមកនេះ តែយើងក៏សម្លឹងទៅដំណាក់កាលបន្ទាប់ផងដែរ។វាសំខាន់ដែលយើងរួមគ្នាជាសហគមន៍អន្តរជាតិមួយហើយព្រមព្រៀងលើមធ្យោបាយរួមមួយសំរាប់រយៈពេលវែង»។

«ដូច្នេះហើយបានជាយើងកោះប្រជុំក្រុមមេដឹកនាំG7ដើម្បសម្របសម្រួលចម្លើយតបរបស់យើងចំពោះវិបត្តិបន្ទាន់នេះ ធ្វើការប្តេជ្ញាចិត្តសាជាថ្មីចំពោះប្រជាជនអាហ្វហ្គានីស្ថាន …»។

នៅមុនកិច្ចប្រជុំ រដ្ឋមន្ត្រីបារាំង អាឡឺម៉ង់និងអង់គ្លេសសុទ្ធតែបានលើកឡើងអំពីលទ្ធភាពពន្យារកាលកំណត់ចុងក្រោយថ្ងៃ៣១សីហាសំរាប់ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន តែកាលពីថ្ងៃចន្ទតាលីបង់បានព្រមានថា អាចនឹងមានផលវិបាកបើសិនជាអាម៉េរិកនិងសម្ពន្ធមិត្តពន្យារពេលវត្តមានរបស់គេនៅអាហ្វហ្គានីស្ថានហួសសប្តាហ៍ក្រោយ នៅពេលភាពច្របូលច្របល់បន្តកើតមាននៅអាកាសយានដ្ឋានក្រុងកាប៊ុល។

អ្នកនាំពាក្យតាលីបង់លោក ស៊ូហេល សាហ៊ីន បានប្រាប់សារព័ត៌មានSky Newsកាលពីថ្ងៃចន្ទថា «បើអាម៉េរិក ឬ អង់គ្លេសបន្ថែមពេលជម្លៀសមនុស្ស ចម្លើយគឺទេ។បើមិនដូច្នេះទេ អាចនឹងមានផលវិបាក។ការនៅហួសកាលកំណត់ មានន័យថាបន្តការកាន់កាប់»៕