អនុប្រធានាធិបតីអាម៉េរិកមកដល់ទីក្រុងហាណូយ បន្ទាប់ពីពន្យារពេលដោយសារ “រោគសញ្ញាហាវ៉ាណា”

ស្ថានទូតអាម៉េរិកបាននិយាយថា អនុប្រធានាធិបតីអាម៉េរិកលោកស្រីកាម៉ាឡា ហារីសបានមកដល់វៀតណាមកាលពីយប់ថ្ងៃអង្គារទី២៤សីហា បន្ទាប់ពី “ឧបទ្ទវហេតុសុខភាពមិនប្រក្រតីមួយ” នៅទីក្រុងហាណូយបានពន្យារពេលការហោះហើររបស់លោកស្រីពីសិង្ហបុរី ដែលទំនងសំដៅលើ “រោគសញ្ញាហាវ៉ាណា”ដែលបណ្តាលឱ្យពួកអ្នកការទូតធ្លាក់ខ្លួនឈឺនៅប្រទេសជាច្រើន។

លោកស្រីហារីសកំពុងស្ថិតនៅក្នុងប្រទេសវៀតណាមដើម្បីជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ទីដែលលោកស្រីកំពុងព្យាយាមប្រមូលផ្តុំសម្ពន្ធមិត្តក្នុងតំបន់ខណៈឋានៈមហាអំណាចរបស់អាម៉េរិកកំពុងរងការវាយសំពងនៅអាហ្វហ្គានីស្ថាន។

លោកស្រីគ្រោងចាកចេញពីសិង្ហបុរីនៅម៉ោងប្រហែល ៤ រសៀលថ្ងៃអង្គារ ប៉ុន្តែការធ្វើដំណើររបស់លោកស្រីត្រូវបានពន្យារពេលប្រហែល ៣ ម៉ោង។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិកបាននិយាយថា”គណៈប្រតិភូរបស់អនុប្រធានាធិបតីត្រូវបានពន្យារពេលចាកចេញពីសិង្ហបុរីពីព្រោះការិយាល័យរបស់អនុប្រធានាធិបតីបានជូនដំណឹងរបាយការណ៍អំពីឧបទ្ទវហេតុសុខភាពមិនប្រក្រតីដែលអាចកើតមាននាពេលថ្មីៗនេះនៅទីក្រុងហាណូយ”។

ទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រីហារីសគឺលោកស្រី ស៊ីម៉ូន សេនឌ័រ បានប្រាប់អ្នកយកព័ត៌មានថា ការពន្យារពេលនេះមិនពាក់ព័ន្ធនឹងសុខភាពរបស់អនុប្រធានាធិបតីទេ។

សហរដ្ឋអាម៉េរិកនៅតែមិនច្បាស់អំពីអ្វីដែលបណ្តាលឱ្យមានរោគសញ្ញា “ហាវ៉ាណា” គឺប្រាំឆ្នាំបន្ទាប់ពីរកឃើញករណីដំបូងនៅប្រទេសគុយបានៅពេលក្រុមអ្នកការទូតអាម៉េរិកនិងក្រុមគ្រួសាររបស់ពួកគេត្អូញត្អែរពីការហូរឈាមច្រមុះ ឈឺក្បាលប្រកាំង និងក្អួតចង្អោរ បន្ទាប់ពីជួបប្រទះនឹងសំឡេងហឹងត្រចៀកនៅពេលយប់។

ចាប់តាំងពីពេលនោះមក ការត្អូញត្អែរស្រដៀងគ្នានេះត្រូវបានរាយការណ៍ដោយមន្ត្រីអាម៉េរិកនៅក្នុងប្រទេសចិន រុស្ស៊ីនិងនៅក្នុងសហរដ្ឋអាម៉េរិក។
បញ្ហានេះបាននាំឱ្យមានការចោទប្រកាន់មិនមានការបញ្ជាក់ថារុស្ស៊ីឬអ្នកផ្សេងទៀតបានប្រើឧបករណ៍សូនិកឬឧបករណ៍អាំងតង់ស៊ីតេខ្ពស់ផ្សេងទៀតដើម្បីធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់អ្នកការទូតអាម៉េរិក៕