យន្តហោះដឹកជញ្ជូនមួយរបស់កងទ័ពរំដោះប្រជាជនចិនដែលដឹកវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនSinopharm របស់ចិនបានចុះចតនៅវៀតណាមកាលពីថ្ងៃចន្ទទី២៣សីហា នៅមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស នៅថ្ងៃអង្គារនៅក្នុងប្រទេសកុំម្មុយនីស្តនេះ។
ក្នុងពិធីប្រគល់វ៉ាក់សាំង២០០.០០០ដូសនៅអាកាសយានដ្ឋានអន្តរជាតិណូយបៃក្នុងក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោកស្យង់ ព័រ បាននិយាយថា ចិនបានតាមដានយ៉ាងដិតដល់ស្ថានការណ៍កូវីដ១៩នៅវៀតណាម និងថាកិច្ចសហការក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនេះជាផ្នែកសំខាន់មួយនៃកិច្ចសហការរវាងយោធានៃប្រទេសទាំងពីរ។
លោកបានបន្តថា ចិនមានបំណងជំរុញកិច្ចសហការជាមួយវៀតណាមនៅក្នុងការប្រយុទ្ធនឹងកូវីដ១៩ ក្នុងវិធីជាច្រើនដើម្បីជួយវៀតណាមគ្រប់គ្រងជំងឺនិងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាពាណិជ្ជកម្មទ្វេភាគី និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់រវាងប្រទេសទាំងពីរ។
ការប្រគល់និងទទួលនេះកត់សំគាល់ព្រឹត្តិការណ៍លើកដំបូងដែលយោធាវៀតណាមបានទទួលវ៉ាក់សាំងកូវីដ១៩ពីយោធាបរទេស និងជារូបភាពត្រចះត្រចង់នៃភាពជាដៃគូសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីំការពារជាតិវៀតណាមលោកហ័ង សួន ជៀន នៅឯពិធីប្រគល់។
កាលពីថ្ងៃចន្ទ វៀតណាមក៏បានទទួលវ៉ាក់សាំងAstraZenecaចំនួន៥០១.៦០០ដូសពីប៉ូឡូញដែរ។
សរុប ប្រទេសនេះរកបានវ៉ាក់សាំងកូវីដ១៩ជាង៣២លានដូស តែប្រជាជនទើបតែ១,៨ភាគរយក្នុងចំណោមប្រជាជនវៀតណាម៩៨លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩បានពេញលេញ ដែលជាអត្រាទាបបំផុតមួយធៀបនឹងប្រទេសនានាក្នុងតំបន់៕
































