លោកចូ បៃដិនបានលើកឡើងពីហានិភ័យសន្តិសុខខ្ពស់ឡើងចំពោះកងទ័ព ខណៈលោកជំទាស់នឹងការអំពាវនាវរបស់លោកបូរីស ចនសុននិងមេដឹកនាំប្រទេស G7ដទៃទៀតដើម្បីបន្លាយពេលចាកចេញរបស់កងទ័ពអាម៉េរិកហួសកាលកំណត់ចុងក្រោយថ្ងៃទី ៣១ ខែសីហាពីអាហ្វហ្គានីស្ថាន។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៃមេដឹកនាំ G7ដែលរៀបចំដោយនាយករដ្ឋមន្ត្រីចនសុននៅរសៀលថ្ងៃអង្គារទី២៤សីហា ប្រធានាធិបតីអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកកំពុង”បង្កើនល្បឿន” ដើម្បីបំពេញតាមកាលកំណត់សម្រាប់ការជម្លៀស។
លោកបានទទូចថាមាន “ហានិភ័យខ្ពស់ឡើង” សម្រាប់កងទ័ពរបស់លោកនិងសម្ពន្ធមិត្តរបស់ពួកគេដែលបន្តស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរហូតដល់ហួសចុងខែនេះ។
ការសម្រេចចិត្តនេះមានន័យថា ចក្រភពអង់គ្លេសឥឡូវនេះមានពេលវេលាតិចតួចសម្រាប់កិច្ចខិតខំប្រឹងប្រែងជម្លៀសខណៈកងទ័ពអាម៉េរិកកំពុងផ្តល់សន្តិសុខការពារនៅអាកាសយានដ្ឋានក្រុងកាប៊ុលដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនចាកចេញពីប្រទេស។
លោកចនសុនសង្ឃឹមថានឹងបញ្ចុះបញ្ចូលលោកបៃដិនឱ្យរក្សាកម្លាំងទ័ពរបស់គាត់នៅនឹងកន្លែងហួសពីថ្ងៃទី ៣១ ខែសីហាដើម្បីផ្តល់ពេលច្រើនថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងជម្លៀស ទោះបីរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោកបិន វ៉ាល់ឡេសបានទទួលស្គាល់នៅមុនកិច្ចចរចាថា ការបន្លាយពេលហួសកាលកំណត់គឺ “មិនទំនងកើតឡើង” ក៏ដោយ។
លោកចនសុនបាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញថា ក្រុមមេដឹកនាំបានយល់ព្រមលើ “លក្ខខណ្ឌទីមួយ” រហូតដល់និងក្រោយថ្ងៃផុតកំណត់ គឺថា តាលីបង់ត្រូវតែផ្តល់”ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដែលចង់ចាកចេញទៅបរទេស”។
លោកបាននិយាយថាមាន “ទិដ្ឋភាពគួរឱ្យរន្ធត់” នៅអាកាសយានដ្ឋានកាប៊ុលសម្រាប់អ្នកដែលប៉ុនប៉ងភៀសខ្លួនពីអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ចក្រភពអង់គ្លេសនឹង “បន្តនៅរហូតដល់ពេលចុងក្រោយតាមដែលយើងអាចធ្វើបាន”៕
































