ប្រទេសថៃមានមនុស្ស ១៤,៨០២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥២នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ ថ្ងៃពុធនេះ

(បាងកក)៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post គឺបានអោយដឹងថា
ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៨០២នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៥៨៥ ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២១៧ករណីទៀត ត្រូវបានរកឃើញនៅលើ អ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥២នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៩៩៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា នៅថ្ងៃទី០១ ខែកញ្ញានេះ គឺជាពេលដែលថៃដកវិធានការរឹតត្បិតខ្លះ ចេញពីទីក្រុង បាងកក និងខេត្តមួយចំនួន ដើម្បីសម្រួលដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ។

គិតរហូតមកទល់នឹងពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេសចំនួន ១,២១៩,៥៣១ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៨៤១នាក់ និងអ្នកជាសះស្បើយ ឡើងវិញ ១,០៤០,៧៦៨នាក់៕