សម្ដេចក្រឡាហោម ស ខេង លើកឡើងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហា មានការកើនឡើង ខណៈចំនួនគ្រោះថ្នាក់ថយចុះ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាកន្លងទៅ មានការកើន ឡើងបើធៀបនឹងខែកក្កដា ប៉ុន្ដែចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះទៅវិញ។

តាមរយៈ Facebook សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះចំនួនអ្នកដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាកន្លងទៅ ដែលមានចំនួន១២៣នាក់ ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់សង្គមមួយនេះ កាលពីខែកក្កដា មានត្រឹម១០៧នាក់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថា ករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យអត្រាជនរងគ្រោះ បាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ ធៀបនឹងខែកក្កដា កន្លងទៅនេះ។

ជាប្រការគួរឲ្យសោកស្ដាយបំផុតនោះដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសបានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន ២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ ទៅ១៦នាក់ ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។

ជាការកត់សម្គាល់ កំណើនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាស នៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរាចរណ៍មានកំណើនឡើងវិញ។

ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង២០ភាគរយ និងរបួសបានថយចុះ ចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគរយ គឺកើនតែអ្នកស្លាប់ចំនួន២នាក់ស្មើនឹង២ភាគរយ។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូម មានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឲ្យគ្នា ដើម្បីការពារសេចក្ដីសុខ ខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹង ការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការ ពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង»៕