(កាប៊ុល)៖ តាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី TASS នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ ៦០ឆ្នាំ នឹងក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាបង្កើតរដ្ឋាបាលថ្មី ឈានចូលដល់ទីបញ្ចប់។
សមាជិកនៃគណៈកម្មការវប្បធម៌ក្រុមតាលីបង់ លោក អាណាមូលឡោះ សាម៉ាងហ្គានី (Anamullah Samangani) បានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ សប្តាហ៍ថា «ការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី បានបញ្ចប់រួចរាល់ទៅហើយ។ មិនអាចប្រកែកបានឡើយ, មេដឹកនាំរបស់យើងគឺលោក Akhundzada នឹងដឹកនាំរដ្ឋាភិបាលថ្មីនេះ»។
នៅថ្ងៃដដែលនោះ សារព័ត៌មានក្នុងស្រុកនៅអាហ្វហ្គានីស្ថាន ក៏បានចុះផ្សាយផងដែរថា លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) មេដឹកនាំកំពូលទី ២ នៃក្រុម តាលីបង់ នឹងឡើងជារដ្ឋមន្ត្រីការបរទេស ខណៈលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់លោក Akhundzada នឹងឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ។
ដោយឡែកលោក ខាលីហ្វា ហាកខានី (Khalifa Haqqani) ដែលត្រូវជាកូនប្រុសមេដឹកនាំម្នាក់ ទៀតរបស់តាលីបង់គឺលោក ហ្សេឡាលូដឌីន ហាកខានី (Jelaluddin Haqqani) នឹងឡើងធ្វើជារដ្ឋ មន្ត្រីមហាផ្ទៃ។
សូមបញ្ជាក់ថា ខាងលើនេះគ្រាន់តែជាព័ត៌មាន ដែលត្រូវបានចេញផ្សាយជាបឋម ដោយភាគីក្រុម តាលីបង់ប៉ុណ្ណោះ ហើយសម្រាប់ព័ត៌មានផ្លូវការ និងការប្រកាសអំពីសមាជិកសំខាន់ៗ នៃរដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី គឺនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ (ម៉ោងនៅទីក្រុងកាប៊ុល)៕
































