ខ្មាន់កាំភ្លើងនីហ្សេរីយ៉ាកាលពីថ្ងៃពុធទី១កញ្ញាបានចាប់ពង្រត់សិស្សចំនួន ៧៣ នាក់បន្ទាប់ពីបានសម្រុកចូលវិទ្យាល័យមួយនៅភាគពាយព្យប្រទេសក្នុងការចាប់ពង្រត់ជាបន្តបន្ទាប់ដែលផ្តោតលើសិស្សសាលា។
ការចាប់ជំរិតទារប្រាក់ដោយក្រុមជើងកាងប្រដាប់អាវុធដែលគេស្គាល់ជាទូទៅថាក្រុមចោរប្លន់បានក្លាយជានិន្នាការដ៏គួរឱ្យរន្ធត់នៅភាគពាយព្យនិងភាគកណ្តាលប្រទេសនីហ្សេរីយ៉ាដោយមានសិស្សប្រហែល ១.០០០ នាក់ត្រូវបានចាប់នៅឆ្នាំនេះ ដែលភាគច្រើននៃពួកគេត្រូវបានដោះលែងវិញនៅពេលក្រោយ។
ប៉ូលិសរដ្ឋហ្សាមហ្វារ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងមួយក្រុមធំបានសម្រុកចូលអនុវិទ្យាល័យក្នុងទីក្រុងកាយ៉ាក្នុងតំបន់ម៉ារ៉ាដាន់នៃរដ្ឋហ្សាមហ្វារ៉ាកាលពីព្រឹកថ្ងៃពុធ ដោយចាប់ពង្រត់សិស្ស ៧៣ នាក់។
អ្នកនាំពាក្យប៉ូលិសលោក ម៉ូហាម៉េត សេហ៊ូ បាននិយាយថា “ការចាប់ពង្រត់បានកើតឡើងបន្ទាប់ពីការសម្រុកចូលសាលារៀនដោយក្រុមចោរប្លន់ប្រដាប់អាវុធជាច្រើននាក់”។
លោកបាននិយាយថាក្រុមជួយសង្គ្រោះរបស់ប៉ូលិសកំពុងធ្វើការជាមួយយោធាដើម្បីព្យាយាមរំដោះសិស្សទាំងនោះ។
ស្នងការព័ត៌មានរបស់រដ្ឋហ្សាមហ្វារ៉ាលោកអ៊ីប្រាហ៊ីម ដូសារ៉ាបាននិយាយថា មន្ត្រីរដ្ឋបានដាក់កំហិតលើការធ្វើដំណើរតាមផ្លូវពេលយប់មួយចំនួន ហើយសាលាបឋមសិក្សានិងអនុវិទ្យាល័យត្រូវបានបិទជាបណ្តោះអាសន្ន៕
































