រដ្ឋមន្ត្រីការបរទេសអាមេរិក បំពេញទស្សនកិច្ចនៅកាតា ដើម្បីស្ដារទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ

(ដូហា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរ ទៅដល់ទីក្រុងដូហា ប្រទេសកាតាហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបើកកិច្ច ពិភាក្សាជាមួយសមភាគីកាតារបស់លោក ពីវិបត្តិនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

មុននឹងការមកដល់របស់លោក Antony Blinken មន្ត្រីអាមេរិកបានឱ្យដឹងថាពលរដ្ឋអាមេរិក៤នាក់ បានចាកចេញពីអាហ្វហ្កានីស្ថានដោយក្រុមតាលីបង់មិនបាន បង្កឧបសគ្គរារាំងអ្វីឡើយ ហើយនេះ គឺជាការជម្លៀសពលរដ្ឋអាមេរិកដំបូងបំផុតចាប់តាំងពីកងទ័ពអាមេរិកត្រូវបានដកចេញទាំងស្រុងកាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅមក។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Blinken មិនមានគម្រោងជួបពិភាក្សាការងារជាមួយអ្នក តំណាងណាមួយរបស់ក្រុមតាលីបង់ប្រចាំទីក្រុងដូហាឡើយ ប៉ុន្តែ មន្ត្រីក្រសួងការបរទេសអាមេរិក លោក Dean Thompson បាននិយាយថាទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តសហការជាមួយក្រុម មួយនេះលើបញ្ហាមួយចំនួនតូច។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Antony Blinken មកកាន់ប្រទេសកាតា ធ្វើឡើងនៅ ចំពេលវិបត្តិនៅអាហ្វហ្កានីស្ថាន កំពុងធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិក មានការសង្ស័យលើការប្ដេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោនចំពោះពួកគេ ហើយវាក៏ជាឱកាសមួយដើម្បីឱ្យលោក Blinken បញ្ជាក់ប្រាប់ សម្ព័ន្ធមិត្តថាការដកខ្លួនរបស់ អាមេរិកពីអាហ្វហ្កានីស្ថាន មិនមែនមានន័យថាពួកគេនឹងត្រូវបានបោះ បង់ចោលនោះទេ៕