(ស្កុបជេ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ អោយដឹងថា មនុស្សយ៉ាងហោច១០នាក់ បានបាត់បង់ជិវិត នៅពេលគ្រោះ អគ្គីភ័យ បានកើតឡើងនៅមន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែង សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងក្រុងតេតូវ៉ូ (Tetovo) នៃប្រទេសម៉ាសេដ្វានខាងជើង។
រដ្ឋមន្រ្តីសុខាភិបាលម៉ាសេដ្វានខាងជើង លោក វែនកូ ហ្វីលីពសេ (Venko Filipce) បានបង្ហោះសារ លើប្រព័ន្ធ Twitter កាលពីថ្ងៃពុធសប្តាហ៍នេះ យ៉ាងដូច្នេះថា «មនុស្ស១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ក្នុងគ្រោះអគ្គីភ័យ ប៉ុន្តែតួលេខអាចកើនឡើងទៀត។ នេះជាថ្ងៃដ៏សោកសៅមួយ»។
បើតាមអាជ្ញាធរម៉ាសេដ្វានខាងជើង វាមិនច្បាស់នោះទេថា មានអ្នកជំងឺប៉ុន្មាននាក់ស្ថិតក្នុងមន្ទីរពេទ្យ នៅពេលដែលគ្រោះអគ្គីភ័យ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃពុធម្សិលមិញ។ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បានពន្លត់ការឆាបឆេះនោះទៅវិញ នៅប៉ុន្មានម៉ោងក្រោយ៕































