(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់កំណត់ ដែលក្រសួងបានឃាត់ទុកនោះ ទៅទទួលយករថយន្តរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ត្រឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
ការប្រកាសឱ្យម្ចាស់រថយន្តដឹកលើសទម្ងន់ទៅទទួលយករថយន្តវិញនេះ ធ្វើឡើងបន្ទាប់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ រថយន្តទាំងនេះទៅម្ចាស់វិញ។ រថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី២០ភាគរយ ដែលត្រូវបាន ក្រសួងឃាត់ទុកនេះ មានចំនួន ២២៩គ្រឿង។
ជាមួយនឹងការសម្រេចប្រគល់ឱ្យរថយន្តត្រឡប់ទៅម្ចាស់ដើមវិញនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់ ចំនួន៤ដូចខាងក្រោម៖
១៖ ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួលយានយន្តនៅតាមទីតាំងរក្សាទុក យានយន្ត ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យា លែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់ជាលើកទី២ បន្តទៀត។
២៖ ដោយឡែក ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវ បានឃាត់ទុក និងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ ពិន័យឱ្យ បានមុន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មា ធិការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាម នីតិវិធី និងបទប្បញ្ញត្តិច្បាប់ជា ធរមាន។
៣៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងខិតខំ ធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នានាដល់ សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការ រឹតបន្ដឹងអនុវត្តច្បាប់ ដោយមិនយោគយល់ឬលើកលែងជាលើកទី២ទៀតឡើយ ចំពោះយានយន្ត ទាំងឡាយណាដែលដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។
៤៖ រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្តនៅតាមទីតាំង ដែល បានឃាត់ទុក គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងតែថ្ងៃ ទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់យានយន្តត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធនឹងយានយន្ត ដែលបាន ឃាត់ទុកនាពេល កន្លងមក ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និង ជញ្ជីងចល័ត នៃក្រសួង សាធារណការ និងដឹកជញ្ជូន៕

































