(ស៉ីដនី)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ អោយដឹងថា ប្រទេសចំនួន ៨ និងប្រមុខការទូតសហភាពអឺរ៉ុប (EU) លោក ចូសិព បូរែល (Josep Borrel) នៅថ្ងៃសុក្រសប្ដាហ៍នេះបានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អនុញ្ញាត ឱ្យបេសកជនពិសេសអាស៊ាន ចូលមកជួបជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សាន ស៊ូ ជី ដែលកំពុងស្ថិតក្នុងការឃុំឃាំង។
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថា ពួកគេនឹងមិនអនុញ្ញាតឱ្យបេសក ជនពិសេសអាស៊ាន លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ចូលមកជួបជាមួយនរណាម្នាក់ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះ តាមផ្លូវច្បាប់នាពេលបច្ចុប្បន្ននេះទេ ក្នុងនោះរួមមានទាំង លោកស្រី អោង សាន ស៊ូ ជី ផងដែរ។
ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្រ្តាលី កាណាដា កូរ៉េខាងត្បូង នូវែល សេឡង់ ន័រវែស និងទីម័រខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបាន គាំទ្រដោយលោក Josep Borrell ផងដែរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាព ដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យទីក្រុងណៃពិដោ (Naypyidaw) «ចូលរួមក្នុង ន័យស្ថាបនា» ជាមួយបេសកជនពិសេសអាស៊ាន។
សេចក្តីថ្លែងការណ៍ខាងលើបានថ្លែងថា «យើងសូមអំពាវនាវបន្ថែមទៀតដល់យោធាមីយ៉ាន់ម៉ាឱ្យជួយសម្រួលដល់ដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសនេះ ដោយបេសកជនពិសេសអាស៊ាន ហើយដើម្បីឱ្យគាត់អាចចូលរួមដោយសេរីជាមួយភាគីពាក់ព័ន្ធទាំងអស់»៕

































