ប៉ូលិសអូស្ត្រាលីរឹបអូសបានគ្រឿងញៀនតម្លៃជាង ១០០លានដុល្លារ និងចាប់ខ្លួនជនជាតិម៉ាឡេស៊ី ម្នាក់, នេះជាការបង្ក្រាបដ៏ធំបំផុតមិនធ្លាប់មាន


 (មែលប៊ន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ គឺប៉ូលិសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ពួកគេបានរឹបអូសគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន (Heroin) ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ដែលមានតម្លៃប្រមាណ ១០៤លាន ដុល្លារអាមេរិក និងបានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ ពីបទនាំចូលគ្រឿនញៀនខុសច្បាប់។ ប៉ូលិសអូស្ត្រាលីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿនញៀនប្រភេទ Heroin ដែលមានទម្ងន់សរុប ៤៥០គីឡូក្រាម ត្រូវបានរកឃើញក្នុងទូកុងតឺន័រ នៅលើនាវាដឹកទំនិញតាម សមុទ្រមួយគ្រឿង ដែលត្រូវបានបញ្ជូនពីប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា ប៉ូលិសអូស្ត្រាលីមិនបានប្រាប់ឈ្មោះបុរស ដែលត្រូវចាប់ខ្លួននោះទេ។ យ៉ាងណាក៏ដោយ បុរសរូបនោះត្រូវបានចោទប្រកាន់ពីបទនាំចូល និងប៉ុនប៉ងកាន់កាប់គ្រឿងញៀន ខុសច្បាប់ ដែលអាចនឹងត្រូវទទួលទោស ដាក់ពន្ធនាគារអស់មួយជីវិត៕