គ្រោះរញ្ជួយដីនៅកោះបាលីរបស់ឥណ្ឌូណេស៊ី បង្កឲ្យមនុស្សស្លាប់៣នាក់ និងរបួស៧នាក់

 (ហ្សាការតា)៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា មនុស្ស៣នាក់បានបាត់បង់ជិវិត និង៧នាក់ទៀតបាន រងរបួស ក្រោយហេតុការណ៍រញ្ជួយដី បានកើតឡើងនៅកោះទេសចរណ៍ បាលី នៃប្រទេសឥណ្ឌូ ណេស៊ី។

គ្រោះរញ្ជួយផែនដីខាងលើ ដែលមានកម្រិតត្រឹម៤.៨រ៉ិចទ័រ បានកើតឡើងកាលពីវេលាយប់រំលង អធ្រាត្រថ្ងៃសៅរ៍នេះ។ ចំណុចរំញ័ររបស់វា ស្ថិតនៅក្បែរតំបន់ការ៉ាន់ហ្គាសឹម (Karangasem) និងមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ កោះលុមបុក ដែលស្ថិតនៅក្បែរនោះ ក៏បានទទួលរង ចំហាយឥទ្ធិពល នៃការញ័ររញ្ជួយរបស់វាផងដែរ។

សូមបញ្ជាក់ថា ក្រោយហេតុការណ៍រញ្ជួយដីខាងលើបានកើតឡើង មនុស្ស២នាក់បានស្លាប់ នៅ តំបន់បាង់លី (Bangli) និងម្នាក់ទៀតស្លាប់ នៅតំបន់ការ៉ាន់ហ្គាសឹម។ ចំណែកមនុស្ស៧នាក់ បាន រងរបួស និងកំពុងទទួលការសង្រ្គោះព្យាបាល។ ជាមួយគ្នានេះ ផ្ទះសម្បែងជាច្រើនខ្នង ក៏បានរង ការខូចខាតផងដែរ៕