(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឱ្យ ជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ហើយចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តា ខេត្តមករាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារ តែការធ្វើដំណើរតាមផ្លូវ និងត្រូវម៉ាស៊ីនត្រជាក់។
តាមរយៈសំឡេងមួយផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺ ពីខេត្តមកកាន់រាជ ធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់»។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានការ បញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេច ចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។ សម្តេចបញ្ជាក់ថា ករណី នេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើ ដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់ មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យទុក ចិត្តមន្ទីរពេទ្យរបស់យើង នៅតាមបណ្តាខេត្តដែលយើងបានខិតខំកសាង ក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើបែបនេះ ដើម្បីចៀស វាងការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។
«អ្វីដែលជាបញ្ហាធំជាងគេគឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាម រយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានាករចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាពព្យាបាល ជំងឺនេះដែរ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុប ចំនួន១១៦,៨៦០នាក់, អ្នកជាសះស្បើយសរុបចំនួន១១១,១៤៩នាក់, ស្លាប់សរុបចំនួន២,៦៧០ នាក់៕

































