កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនពិតជាបានធ្វើតេស្ត មីស៉ីលបាលីស្ទីក (SLBM) «ប្រភេទថ្មី» ចេញពីនា វាមុជទឹក


 (សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersបានបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នេះថា ប្រទេសនេះពិតជាបានធ្វើតេស្ត មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿង ប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានអះអាងជាបន្តបន្ទាប់ អំពី​ការចាប់បានសញ្ញានៃការធ្វើតេស្ត។

ក្រុមជំនាញកូរ៉េខាងត្បូងបានអះអាងថា មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង ទើបបាញ់សាកល្បង កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា គឺជាប្រភេទមីស៊ីលបាលីស្ទីក «SLBM» ដែលបាញ់ចេញពីនាវា មុជទឹក (ជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ខណៈប្រទេសជប៉ុនពីដំបូងឡើយបានអះ អាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល SLBM នេះរហូតដល់ទៅ ២គ្រាប់ឯណោះ។ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងខាងលើនេះ បានហោះហើរក្នុងចម្ងាយចាប់ពី ៤៣០គីឡូ ម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រ។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃពុធនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា គ្រាប់មីស៊ីល SLBM «ប្រភេទថ្មី» ត្រូវបានបាញ់ចេញពីនាវាមុជទឹកមួយគ្រឿង ដែលបានត្រូវបាន ប្រើប្រាស់ម្តងរួចមកហើយ ក្នុងការធ្វើតេស្ត SLBM «ស៊េរីចាស់» កាលពីឆ្នាំ២០១៦។

បើតាមក្រុមអ្នកជំនាញអន្តរជាតិ ដែលបានមើលឃើញរូបភាពបាញ់សាកល្បងមីស៊ីល បញ្ចេញ ដោយប្រទេសកូរ៉េខាងជើងនោះថា គ្រាប់មីស៊ីល SLBM ថ្មីខាងលើនេះ គឺមានរូបរាងតូច និងស្តើង ជាង បើធៀបនឹងគ្រាប់មីស៊ីល SLBM ដែលទីក្រុងព្យុងយ៉ាងបានបង្ហាញកាលពីមុន ឬអាចថា វាជាគ្រាប់មីស៊ីល ដែលពុំធ្លាប់មានអ្នកបានឃើញនោះឡើយពីមុនមក។

ក្រុមអ្នកជំនាញថែមទាំងបានអះអាងទៀតថា គ្រាប់មីស៊ីលដែលមានទំហំកាន់តែតូច នោះក៏មានន័យ ថា វាអាចផ្ទុកបានកាន់តែច្រើននៅក្នុងនាវាមុជទឹកតែមួយគ្រឿង បើទោះបីជាត្រូវថមថយរយៈចម្ងាយ នៃការបាញ់ក៏ដោយ។ វាក៏មានន័យថា ការអភិវឌ្ឍនាវាមុជទឹកបំពាក់គ្រាប់មីស៊ីល ដែលអាចមាន សមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាកំពុងរីកចម្រើនកាន់តែលឿន ដែល អាចឈានទៅដាក់ឲ្យធ្វើប្រតិបត្តិការនៅថ្ងៃអនាគត៕