ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបានសភាបោះឆ្នោតគាំទ្រជាសមាជិកថ្មីនៃរាជរដ្ឋាភិបាលឋានៈជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស

 (ភ្នំពេញ)៖ តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស។ ដោយទទួលបាន១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ១សម្លេង។

ការបោះឆ្នោតផ្តល់ឋានៈជាទេសរដ្ឋមន្ត្រី ជូនឯកឧត្តម ប៉ា សុជាតិវង្ស នាព្រឹកនេះ ធ្វើឱ្យសមាជិករាជ រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ឋានៈជាទេសរដ្ឋមន្ត្រី មានចំនួនសរុប ១៦នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងឯកឧត្តម ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់ រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោ បាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តម ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្តបាត់ដំបង, អភិបាលរងខេត្ត កំពង់ធំ, អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធា រណរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តម ប៉ា សុជាតិវង្ស ដែលបច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ បានបញ្ចប់សញ្ញាប័ត្រទុតិយភូមិ ទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៥, ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ផែ្នកសង្គមសាស្រ្ត និងទស្សន វិជ្ជា រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៨៥-១៩៨៧ និងសញ្ញាប័ត្រ ថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក (Doctor of Business Administration “DBA”) ឆ្នាំ១៩៩៥-១៩៩៧៕