រថយន្ដហ៊ីយ៉ាន់ដាយ សាកកំលាំងគ្នា ជាមួយម៉ូតូស្កុបពី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅក្រុងក្រចេះ


 (ក្រចេះ)៖ មនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុបន្ទាប់ពី គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្ដបុកម៉ូតូ។ ហេតុការណ៍នេះបានឡើង នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវ លេខ ៣៧៧ ក្រចេះ សំបូរ ខាងត្បូងស្ពានអណ្ដែងដូន ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រ ចេះ។ យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងរវាងរថយន្ដ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

នគរបាលក្រុងក្រចេះ បានបញ្ចាក់បន្តថា រថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ក្រចេះ 3A-09 06 បើកបរដោយឈ្មោះ អ៊ិន ប៊ុនណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំ ក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលបានបន្តបន្ថែមថា អ្នកបើរថយន្តបានធ្វើដំណើរ ពីទិសខាងត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូស្កុបពី ពណ៍សរ ស្លាកលេខក្រចេះ 1C-92 92 បើកបរដោយឈ្មោះផូត ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា សពជនជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូ និងរថយន្ដ ត្រូវបាន នគរបាលជំនាញសណ្ដាប់ធ្នាប់ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ក្រុងក្រចេះ៕