រដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងថា កម្ពុជាត្រៀមខ្លួនចូលរួមជាមួយដៃគូអភិវឌ្ឍន៍ សិក្សាស្រាវជ្រាវ លើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក


 (ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបានត្រៀម ខ្លួនជាស្រេចដើម្បីចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និងរុស្ស៉ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក។

ការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ នាទីស្ដីការក្រសួងបរិស្ថាន ក្នុងឱកាសដែលលោកបានទទួលជួប លោកស្រី Tina Redshaw ឯក អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីជំហរ និងការចូលរួមរបស់កម្ពុជាក្នុង សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៦ (COP26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស។ បើតាមការបង្ហោះលើ Facebook ផ្លូវការរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងយ៉ាងដូច្នេះថា៖ «បន្ថែមលើការ អភិរក្សជីវៈ ចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភពថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏ សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៉ី ក្នុងការសិក្សាស្រាវជ្រាវលើ ប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»

លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេស បានចូលរួមអបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣តុលា ដែលជាមូលដ្ឋានដ៏សំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែលមិន អាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែល មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈ ចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហា សកលនេះ៕