ប្រធានាធិបតីអាមេរិកលោក ប្តេជ្ញាឈរខាងអាស៊ីដើម្បីការពារសេរីភាព, និងបានវាយប្រហារចិនត្រង់ៗ លើបញ្ហាកោះតៃវ៉ាន់


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែ តុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់បណ្តាមេដឹកនាំ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយតំបន់នេះ ដើម្បីការពារសេរី ភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានហៅសកម្មភាពចិន ចំពោះកោះតៃវ៉ានោះ ថាជា «ការបង្ខិតបង្ខំ» និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។

លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីថា «សហរដ្ឋ អាមេរិក មាន ការ ប្ដេជ្ញា ចិត្តដ៏រឹង មាំ ចំពោះកោះ តៃវ៉ាន់។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្ខិតបង្ខំរបស់ប្រទេសចិន… ពួកគេ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»

ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃពុធ ដែលនាយករដ្ឋមន្ត្រី ចិនលោក លី ខឺជាំង (Li Keqiang) បានចូលរួមនោះ, លោក ចូ បៃដិន បានលើកឡើងថា ទីក្រុង វ៉ាស៊ីនតោននឹងចាប់ផ្តើមពិភាក្សា ជាមួយដៃគូនានានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍឡើង នូវ «ក្របខ័ណ្ឌសេដ្ឋកិច្ចថ្នាក់តំបន់មួយ» ដែលកន្លងមកមានការរិះគន់ថា ជាអ្វីដែលបានខ្វះចន្លោះ នៅក្នុងយុទ្ធសាស្ត្ររបស់លោក បៃដិន។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញថា បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមួយ រវាងសហរដ្ឋ អាមេរិក និងប្រទេសចិន ដោយសារតែបញ្ហារសើប នៅតំបន់សមុទ្រចិនខាងត្បូង និងកោះ តៃវ៉ាន់ ។ កាលពីសប្តាហ៍មុននេះ លោក ចូ បៃដិន បានបង្ហាញជំហរការពារកោះតៃវ៉ាន់ដោយបើកចំហ នៅក្នុង ករណីដែលមានការវាយប្រហារណាមួយពីប្រទេសចិន ហើយដែលប្រការនេះ កំពុងធ្វើឲ្យទំនាក់ទំ នងឆ្លងកាត់ច្រកសមុទ្រ កាន់តែមា នស្ថានភាពក្តៅគគុក។

ក្រោយការលើកឡើងរបស់លោក ចូ បៃដិន ទៅកាន់បណ្តាប្រទេសអាស៊ាន និងការវាយប្រហារ ត្រង់ៗមកលើប្រទេសចិននោះ, នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង តាមរយៈកិច្ចប្រជុំជាមួយ ប្រទេសអាស៊ានទាំង ១០ និងដៃគូថ្នាក់តំបន់ឯទៀត បានឆ្លើយតបវិញថា «ការរក្សាសន្តិភាព, ស្ថិរភាព, សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង គឺជាផលប្រយោជ ន៍របស់មនុស្សគ្រប់គ្នា។ សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមរបស់យើង»

កាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថានទូតចិត្តប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្នុងនោះបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក សម្រាប់ការពង្រឹង និងគាំទ្រ ដល់កម្លាំងទាមទារ «ឯករាជ្យតៃវ៉ាន់» គឺគ្មានប្រយោជន៍ ហើយនឹងត្រូវបរាជ័យ ដូចការប៉ុនប៉ងរបស់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើត «ចិនមួយ, តៃវ៉ាន់មួយ» ឬ «ចិនពីរ» នៅក្នុងអង្គការសហប្រជាជាតិ (UN) កាលពី ៥០ឆ្នាំមុនដូច្នោះឯង។

ស្ថានទូតចិនបានជំរុញឱ្យសហដ្ឋអាមេរិក «បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់, ឈប់ធ្វើសុន្ទរក ថាដែលមិនមានភាពទទួលខុសត្រូវ និងខុសឆ្គង ហើយចាត់វិធានការយ៉ាងពិតប្រាកដ ដើម្បីលើក ស្ទួយស្ថានភាពជារួម នៃទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ព្រមទាំងស្ថិរភាពឆ្លងកាត់ច្រក សមុទ្រ»