មេទ័ពអាមេរិកទទួលស្គាល់ជាផ្លូវការពីការព្រួយបារម្ភ ជុំវិញការធ្វើតេស្ដ មីស៊ីលលឿនជាងសំឡេង របស់ចិន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ឧត្តមសេនីយ៍ Mark Milley បានទទួលស្គាល់ជាផ្លូវការចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងដោយប្រទេសចិន ដែលក្រុមអ្នកជំនាញយោធា ភាគច្រើនយល់ថាត្រូវបានផលិតឡើងដើម្បីទម្លុះប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយសា្ថនីយទូរទស្សន៍ Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ លោក Mark Milley បានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងបានមើលឃើញ នោះគឺវាជាការធ្វើតេស្ដប្រព័ន្ធអាវុធលឿន ជាងសំឡេង ហើយដែលនេះជាក្ដីកង្វល់មួយដ៏ធំ»។ លោក Mark Milley បន្ថែមទៀតថាការធ្វើតេស្ដ មីស៊ីលលឿនជាង សំឡេងរបស់ចិន ស្ទើរតែដូចគ្នាទៅនឹងព្រឹត្តិការណ៍ Sputnik ពោលគឺជាពេល រុស្ស៊ីបាញ់បង្ហោះផ្កាយរណបជាលើកដំបូងបំផុតកាលពីឆ្នាំ១៩៥៧ ដោយបានធ្វើ ឱ្យទីក្រុងម៉ូស្គូនាំ មុខគេក្នុងការរត់ប្រណាំងសព្វាវុធនាសម័យសង្រ្គាមត្រជាក់នៅពេលនោះ៕