(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌឹត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គ នាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យថា ក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២២ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តនាពេលថ្មីៗកន្លងទៅនេះ បានតម្រូវឲ្យ អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិ ឲ្យបាន ២៦០០លាន ដុល្លារអាមេរិក (ក្នុង១ខែរកឲ្យបានចំនួន ២១៧លានដុល្លារ) លើសឆ្នាំ២០២១ ចំនួន៩.៥%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍន ភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ ក្នុងប្រទេស តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
ចំពោះការកំណត់ដោយច្បាប់ថវិកា ឲ្យគយរកចំណូលឲ្យបាន ២៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ ត្រូវបានលោក គុណ ញឹម ហាក់បង្ហាញពីការលំបាក ក្នុងសម្រេចឲ្យបាន ដោយសារវិបត្តិកូវីដ១៩ ប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច ជាមួយការលើកទឹកចិត្តផ្នែកពន្ធជួយដល់អ្នកវិនិយោគផង រួមទាំងការអនុវត្តន៍កាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានការអនុគ្រោះពន្ធទៅវិញទៅមក។
ទោះបីមានក្តីបារម្ភខ្លះក៏ពិតមែន ប៉ុន្តែឯកឧត្តម បណ្ឌឹត គុណ ញឹម បានប្តេជ្ញាខិតខំប្រឹងប្រែង ក្នុងការ សម្រេចឲ្យបាននូវផែនការ ប្រមូលចំណូលរបស់រាជរដ្ឋាភិបាល ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២២។
ឯកឧត្តម បញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពក្នុងនាមជាសមត្ថកិច្ច ទទួលខុសត្រូវ ក្នុងការប្រមូលចំណូលនេះ សម្រាប់ឆ្នាំ២០២២ យើងនឹងពិនិត្យមើលកត្តាអំណោយ ផលផ្សេងៗ និងរៀបចំផែនការសកម្មភាព ប្រចាំឆ្នាំរបស់យើងថាតើអ្វីដែលយើងនៅសេសសល់ និងមានសក្តានុពល សម្រាប់ប្រមូលចំណូលជាតិ»។
សូមបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកយកមកពិភាក្សា និងអនុម័ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងច្បាប់នេះ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិកា ឲ្យត្រូវបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការ កើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ខណៈការចំណាយសម្រាប់ឆ្នាំ២០២២ មាន ចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផល ក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១៕

































