(ហ៊ូស្តុន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និង ១៧នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាជាច្រើន នៅទូទាំងទីក្រុង ហ៊ូស្តុន (Houston) នៃរដ្ឋ តិចសាស់ (Texas) សហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍ កន្លងទៅនេះ។
បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ABC13 នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅ សហរដ្ឋអាមេរិក) បានឱ្យដឹងថា កាលពីយប់ថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ ស្រ្តីម្នាក់ត្រូវបានបាញ់ សម្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ០៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការបាញ់ប្រហារ ដាច់ដោយឡែកពីគ្នានៅទូទាំងទីក្រុង Houston។
របាយការណ៍បានឱ្យដឹងបន្ថែមថា កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ក្មេងស្រីម្នាក់ត្រូវបាន រងការបាញ់ប្រហារនៅក្បែរសាលជប់លៀងមួយកន្លែង ដែលស្ថិតនៅតំបន់ Harris County ហើយបុរសម្នាក់ក៏ត្រូវបានរងការបាញ់ប្រហារ ក្នុងអំឡុងពេលមានការប្លន់នៅតំបន់ Southwest Houston ផងដែរ។
នៅថ្ងៃបន្ទាប់ ស្ត្រីម្នាក់នៅតំបន់ Southwest Houston បានប្រគល់ខ្លួនឱ្យប៉ូលិស បន្ទាប់ពីបានបាញ់ សម្លាប់ម្តាយរបស់ខ្លួនឯង ហើយឪពុករបស់ខ្លួន បានរងរបួស។
បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ ហើយក្មេងជំទង់ម្នាក់ បានរងរបួសនៅខាងក្រៅផ្ទះមួយដែលស្ថិតនៅតំបន់ Southeast Houston។ អ្នកបាញ់ប្រហារ កំពុងស្ថិតនៅក្រៅការឃុំឃាំងនៅឡើយ។
ពេញមួយថ្ងៃអាទិត្យ យ៉ាងហោចណាស់មានការបាញ់ប្រហារដាច់ដោយឡែកចំនួន ០៣ផ្សេងគ្នា នៅទូទាំងទីក្រុងដ៏ធំបំផុត នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្ស ០២នាក់បាន ស្លាប់ និងយ៉ាងហោចណាស់មនុស្ស ០៦នាក់ផ្សេងទៀតបានរងរបួស រួមទាំងឪពុក និងកូនអាយុ ០១ឆ្នាំរបស់គាត់នៅក្នុងការបាញ់ប្រហារដ៏សាហាវឃោរឃៅមួយនៅតាមដងផ្លូវ៕

































