(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ហើយ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដេីម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា។
កិច្ចប្រជុំនេះ មានរបៀបវារៈ ដូចខាងក្រោម៖
ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា ៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣, មាត្រា៤ នៃច្បាប់ធម្មនុញ្ញ
ទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹង ការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ។
ទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣, មាត្រា៤ នៃច្បាប់ ធម្មនុញ្ញ ដែលកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះតួនាទីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តក្នុងកិច្ចប្រជុំពេញអង្គ កាលពីនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ និងត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរ ដែល នាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បី បញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បី បញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់ មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះ ក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា គឺការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិ ផងដែរ៕
































