លោក ចូ បៃដិន «សុំទោសបណ្តាមេដឹកនាំពិភពលោក» ចំពោះការដកខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុ ដោយអតីតរដ្ឋបាល ត្រាំ


 (ក្លាសកូវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា ចំពោះមុខកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26»  របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេស ស្កុតលែន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង  «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ចំពោះអ្វីដែលអតីតរដ្ឋ បាលលោក ដូណាល់ ត្រាំ បានធ្វើ។

ការថ្លែងរបស់លោក ចូ បៃដិន ខាងលើនេះ គឺចង់សំដៅទៅលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានធ្វើ ឡើងជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាការប៉ះប៉ូវមកវិញ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដែលជាតួអង្គសំខាន់បំផុត នៅក្នុងគោលដៅនេះ, លោក ចូ បៃដិន បានសន្យាកាត់់បន្ថយ ការបញ្ចេ ញឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀត។

លោក ចូ បៃដិន បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូល COP26 យ៉ាងដូច្នេះថា «ខ្ញុំគិតថាខ្ញុំមិនគួរ សុំទោសទេ… ប៉ុន្តែខ្ញុំពិតជាសូមអភ័យទោស ចំពោះការពិតដែលថា រដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាហេតុជំរុញឲ្យដំណើរការទាំងមូល ត្រូវបាន បង្អាក់បន្តិច… ដោយហេតុនេះហើយ ទើបការចេញសកម្មភាពដំបូងរបស់ខ្ញុំ ក្នុងការចូលកាន់តំណែង កាលពីខែ មករា នោះគឺត្រូវចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ…» ៕