លោកប្រធានាធិបតី អាមេរិក កំណត់ការចាក់វ៉ាក់សាំង លើក្រុមអ្នកប្រកបអាជីវកម្ម, បក្សសាធា រណរដ្ឋចេញមុខ ប្រឆាំង


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា លោក ចូ បៃដិន ប្រធានាធិបតី នឹងកំណត់ឲ្យកម្មករតាមក្រុមហ៊ុន នានា នៅទូទាំង សហរដ្ឋអាមេរិក ដែលមានបុគ្គលិកយ៉ាងហោចណាស់ចាប់ពី ១០០នាក់ឡើងទៅ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬត្រូវបានធ្វើតេស្តរៀងរាល់ សប្តាហ៍ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។

ប្រការខាងលើនេះ កំពុងជំរុញឱ្យមានការប្រឈមមុខគ្នាផ្នែកច្បាប់ ពីគណបក្សសាធារណរដ្ឋដែល បានចោទប្រកាន់ភ្លាមៗថា លោក ចូ បៃដិន កំពុងប្រើអំណាច លើសពីអ្វីដែលលោកមាន។ ជាក់ស្តែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានដឹងឮអំពីផែនការរបស់លោក ចូ បៃដិន, អភិបាលរដ្ឋ មួយចំនួនដូចជា ផ្ល័ររីដា (Florida), អ៊ីយ៉ូវ៉ា (Iowa) និង អ៊ីនដៀណា (Indiana) ជាដើម បានប្តេជ្ញាថា នឹងប្រឆាំងឲ្យដល់ទីបំផុត ពីព្រោះពួកគេចាត់ទុកថា វានឹងក្លាយជាច្បាប់ដែលរំលោភសិទ្ធិសេរីភាព បុគ្គល៕