ថៃមាន មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់ ក្នុងរបាយការណ៍ ថ្ងៃសុក្រនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៤៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,២៣៨នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៥១,៥៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៥៨២នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៣៤,៧៣០នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 សរុប ៧៧.៩លានដូស ក្នុងនោះប្រជាជន ៣២.២លាននាក់ (៤៦.០៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕