(កំពត)៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំង សមត្ថកិច្ច និងអាជ្ញាធរទូទាំងខេត្ត ហាមដាច់ខាតមិនត្រូវ ប្រើកម្លាំង ទៅតទល់ ឬវាយដំជាមួយប្រជា ពលរដ្ឋទេ ទោះបីប្រជាពលរដ្ឋលោកមានកំហុសឆ្គងយ៉ាងណា ក៏ដោយ។

ទន្ទឹមនេះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ថា ចំពោះកម្លាំងអមិត្ត ដែលមានចេតនាបំផ្លាញនូវ សន្តិសុខជាតិ បំផ្លាញសន្តិភាពតម្រូវការឱ្យប្រើប្រាស់កងកម្លាំ។ ចំពោះមេខ្យល់របស់ក្រុមអនាធិបតេយ្យ ក្នុងជម្លោះដីធ្លីគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា «រូបឯកឧត្តមបានចូលកាន់តំណែងជាអភិបាលខេត្តកំពត ទើប តែបានជាង២០ថ្ងៃ ក៏ដោយប៉ុន្តែលោកយល់អំពីចំណុចរសើបនោះ គឺបញ្ហាជម្លោះដីធ្លីដែលជាចំណុច ក្តៅបំផុត ហើយអាជ្ញាធរបានខិតខំដោះស្រាយរាប់ឆ្នាំកន្លងមកហើយតែមិនទាន់មានលទ្ធផល។ ដីគឺជាជីវិតហើយ ដីជាចំណុចរសើបបំផុត ហើយដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ពេញលេញអ្នកណាក៏ត្រូវការដីដែរ។ ដូច្នេះ អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ប៉ុន្តែ អាជ្ញាធរមន្ត្រី ជំនាញពាក់ព័ន្ធមិនអាចប្រើប្រាស់កងកម្លាំង ទៅទប់ទល់ ចាប់ចង ឬវាយដំលើប្រជាពលរដ្ឋបានឡើយទោះប្រជាពលរដ្ឋខ្លះខិលខូច ឬខុសឆ្គងយ៉ាងណាក៏ដោយ»។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នីតិវិធីដោះស្រាយមានសម្រាប់យកទៅអនុវត្តគ្រប់គ្រាន់ ហើយលោកនឹងធ្វើការសម្របសម្រួលដោះស្រាយដោយសន្តិវិធី ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ តាមរយៈឋានានុក្រមគ្រួសារតែមួយ ហើយបើមានក្រុមអនាធិបតេយ្យ ទៅទន្ទ្រានដីព្រៃ ឬដណ្តើម ដីជាមួយប្រជាពលរដ្ឋ អាជ្ញាធរជំនាញពាក់ព័ន្ធត្រូវស្រាវជ្រាវរកមេខ្យល់ម្នាក់ ឬពីរនាក់ ហើយអញ្ជើញ គាត់មកអធិការស្រុក ឬបើមេខ្យល់ខ្លាំង អញ្ជើញមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីលោកជួប និយាយសម្របសម្រួលដោះស្រាយជាមួយ មេខ្យល់រូបនោះ ដោយមានការសហការផ្នែកផ្លូវច្បាប់ ពីលោកព្រះរាជអាជ្ញាមសាលាដំបូងខេត្ត ថាតើលោកគួរដោះស្រាយយ៉ាងណាចំពោះបុគ្គលជា មេខ្យល់នោះ៕


































