បារាំងនឹងសាងសង់ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរថ្មីៗ បន្ថែមទៀត

 (ប៉ារីស)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃ អង្គារសប្តាហ៍នេះថា ប្រទេសបារាំងនឹងចាប់ផ្តើមសាជាថ្មី ការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បី ធានាឲ្យបាននូវ ភាពឯករាជ្យផ្នែកថាមពលរបស់ខ្លួន។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា «ជាលើកដំបូង ក្នុង រយៈពេលជាច្រើនមកនេះ ពួកយើងនឹងចាប់ផ្តើមជាថ្មី នូវការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុង ប្រទេសយើង ហើយនឹងបន្តអភិវឌ្ឍថាមពលដែលប្រើប្រាស់ឡើងវិញបាន»។ វាជាការឆ្លើយតបចំពោះ ការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើឧស្ម័នក៏ដូចជាអគ្គិសនី ដែលប្រជាជន បារាំង បានប្រឈមក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកប្រធានាធិបតីបារាំង បានបកស្រាយថា ការសម្រេចចិត្តដូចខាងលើ គឺដើម្បីធានានូវភាព ឯករាជ្យផ្នែកថាមពលរបស់ប្រទេសបារាំង និងដើម្បីធានានូវការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ ប្រទេស ព្រមទាំងដើម្បីសម្រេចគោលដៅជាពិសេស ក្នុងការឆ្ពោះទៅរកស្ថានភាព អព្យាក្រឹត្យ កាបូននៅឆ្នាំ២០៥០៕