(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងឯកយុទ្ធសាស្ត្រ ដើម្បីទាញយកអត្ថប្រយោជ ន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន, កូរ៉េខាងត្បូង និងដៃគូដទៃ ទៀត។ ក្នុងឯកសារយុទ្ធសាស្ត្រនេះ មានផលិតផលកសិកម្ម ១០មុខ ត្រូវបានកំណត់ជាមុខសញ្ញា ត្រូវជំរុញក្នុងការផលិត ដើម្បីពង្រីកទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងនាពេលថ្មីៗនេះ ឯកឧត្តម ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តនេះ ត្រូវ បានរៀបចំឡើងក្នុងគោលបំណងសិក្សា និងត្រួតពិនិត្យលើក្របខណ្ឌពាណិជ្ជកម្មសេរី ដែលកម្ពុជា បានចុះហត្ថលេខា។ ជាពិសេសមានគោលដៅជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើ ប្រាស់ទីផ្សារមានស្រាប់ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដោយផ្ដោតលើពាណិជ្ជកម្មផ្នែកទំនិញ ឯពាណិជ្ជកម្មផ្នែកសេវាកម្ម និងវិនិយោគ ក្រុម ការងារនឹងពិនិត្យលទ្ធភាពសិក្សា ក្នុងពេលវេលាសមស្រប។

ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានឱ្យដឹងថា ឯកសារយុទ្ធសាស្ត្រនេះ ផ្តោតទៅលើការងារអាទិភាព មួយចំនួនមានដូចជា៖
១៖ ការកំណត់មុខទំនិញជាបីប្រភេទ (ទំនិញថ្មី, ទំនិញកំពុងលូតលាស់ និងទំនិញមានភាពចាស់ទុំ)។
២៖ ការវិភាគស្ថានភាពទីផ្សារ, ស្ថានភាពផ្គត់ផ្គង់ក្នុងប្រទេស និងក្របខណ្ឌគោលនយោបាយ ដោយប្រើប្រាស់វិធីសាស្ត្រ SWOT។
៣៖ ការវិភាគមុខទំនិញសក្ដានុពល ដោយបង្ហាញអំពីតួលេខ ពាណិជ្ជកម្ម, អត្រាពន្ធគយ, របាំង មិនមែនពន្ធ, តម្រូវការទីផ្សារ, ផលិតកម្ម និងការនាំចេញពីកម្ពុជា, វិភាគ SWOT, និងអនុសាសន៍។
៤៖ ការជ្រើសរើសទំនិញសក្ដានុពលរបស់កម្ពុជា។
៥៖ ការជ្រើសរើសទំនិញដែលត្រូវជំរុញការផលិត និងជំរុញការនាំចេញ ទំនិញទាំងនោះរួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកោតសរសើរ ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំឯកសារដ៏មានសារៈសំខាន់នេះ ឡើង ដើម្បីរួមចំណែកក្នុងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំគួររៀបចំក្របក្របខណ្ឌយុទ្ធសាស្ត្ររួម ក្នុង ការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ បន្ទាប់មកត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីសម្រួចទិសដៅការសិក្សា សម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនីមួយៗ ដោយផ្ដោតយកប្រទេសចិនជាមូលដ្ឋាននៃការសិក្សាជារួម។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានឯកភាពឱ្យរៀបចំបង្កើតក្រុមការងារអន្តរក្រសួង នៅក្រោម គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងជំរុញការអនុវត្តផែន ការសកម្មភាព យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយក្រុមការ ងារអន្តរក្រសួងនេះ ដឹកនាំ និងសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម៕

































