រដ្ឋមន្ដ្រីកិច្ចការនារីលើកឡើងថា សីលធម៌សង្គម គឺការទទួលខុសត្រូវរបស់យើងគ្រប់គ្នា មិនមែនសម្រាប់តែស្ថាប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ

 (ភ្នំពេញ)៖ លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា សីលធម៌សង្គម គឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា មិន មែនជាការទទួលខុសត្រូវ សម្រាប់តែស្ថាប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញ ជាអធិបតីភាព បើកក្នុងកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណជាង៩៤នាក់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «សីលធម៌ វប្បធម៌ គឺជាអត្ត សញ្ញាណ នៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកសម្រាប់ទុកក្រើនរំលឹកយើងគ្រប់ គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»

ក្នុងន័យនេះ លោកជំទាវចង់បញ្ជាក់ថា សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថា ប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវ របស់យើងគ្រប់គ្នា ពោល គឺស្ថិតក្នុងដៃយើងទាំងអស់គ្នា ក្នុងការសម្រេចចិត្តសម្រាប់លើកកម្ពស់តម្លៃសីលធម៌ របស់សង្គម ជាតិខ្មែរ។

សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងក្នុងគោលបំណង ស្វែងរកធាតុចូល ដើម្បីស្វែង យល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើត មានឡើង តាមរយៈបណ្តាញសង្គម។

ក្នុងនោះ អាចប្រើប្រាស់ជារួម ក្នុងការរៀបចំគោលការណ៍ណែនាំអនុវត្តស្តង់ដា (SOP = Standard Operating Procedure) មួយដែលអាចអនុវត្តឆ្លើយតប បានទូលំ ទូលាយ ទៅនឹងរូបភាពអវិជ្ជ មាននានា នៅក្នុងសង្គមបានទាន់ពេលវេលាឆ្ពោះទៅ ពង្រឹងតម្លៃសីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារ ខ្មែរ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕