(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ បានឱ្យដឹងថា ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ខណៈការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែន ការ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធ ដល់វិស័យមួយចំនួន ដោយសារជួបវិបត្តិ កូវីដ១៩ ក៏ដោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរនៅក្នុងរោងចក្រផលិតស្រា បៀររបស់ក្រុមហ៊ុន HEINEKEN នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ យ៉ាងដូច្នេះថា «ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះបន្តិច ជាងឆ្នាំ២០២០ ដោយ សារតែវិស័យមួយចំនួន ច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ អីចឹងវាមានការថយចុះខ្លះ តែមិនអាក្រ ក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣%។ [….] អីចឹងរហូតរហូតដល់ចុងឆ្នាំ យើងមាន២ខែទៀត ដើម្បីប្រមូល ប្រហែលជាមិនតិចជាង១៥%ទេ គឺលើស។ ហើយអ្វីដែលថា ការប្រមូលពន្ធនេះវាលើសផែនការ សួរថាការព្យាករណ៍នេះវាខុស? មិនខុសទេ»។

ឯកឧត្តម បានបន្តថា ការប្រមូលពន្ធលើសផែននេះ ដោយសារអគ្គនាយដ្ឋានពន្ធដារ បានធ្វើការកែ ទម្រង់ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយ ស្រួល ដល់សហគ្រាសទាំងអស់នៅកម្ពុជាបង់ពន្ធ ការពង្រឹងអភិបាលកិច្ចល្អ និងតម្លៃភាព ដែលធ្វើ ឱ្យប្រាក់បង់ពន្ធមិនជ្រុះបាត់ ដោយហូរចូលក្នុងច្រករាជរដ្ឋាភិបាលតែមួយ ។
ឯកឧត្តម គង់ វិបុល បានឱ្យដឹងបន្ថែមថា កាលពីកន្លងមកទៅ រាជរដ្ឋាភិបាលបានប្រកាសលើក លែងពន្ធ លើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ អាកាសចរណ៍ ដែលជាវិស័យរងគ្រោះខ្លាំង បង្កឡើងដោយជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២១។ បើទោះបីជារាជរដ្ឋាភិបាលដំណើរការសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យទាំងនេះ នឹងត្រូវទទួលបានការ អនុគ្រោះពន្ធចំនួន៦ខែបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខ ពោលគឺលែងលែងពន្ធរហូតខែមិថុនា ឆ្នាំ២០២២ ដោយចង់ឱ្យវិស័យទាំងនេះ ពង្រឹងខ្លួនឱ្យរឹងមាំសិន។
នៅឆ្នាំក្រោយ ដើម្បីឱ្យការប្រមូលចំណូលពន្ធដារ តាមផែនការអគ្គនាយកដ្ឋានពន្ធដារ នឹងពង្រឹង នូវអនុលោមភាពចំពោះអ្នកជាប់ពន្ធ ឱ្យខ្លាំងជាងមុន។ ហើយលោកសង្ឃឹមថា អ្នកជាប់ពន្ធ និងមន្រ្តី សហការគ្នា ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ដែលជាការរួមចំណែកអភិវឌ្ឍជាតិ ។
គួរបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១៕

































