អភិបាលខេត្តកំពង់ធំចែកអំណោយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន


 (កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចូលរួមចែកអំណោយជូនដល់ប្រជាពល រដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្វី ដ្បិតតែនេះជាអំណោយបន្តិចបន្តួចប៉ុន្តែអាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រា។

នាឱកាសចែក-ទទួលអំណោយនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ ឯកឧត្តម ងួន រតនៈ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណ និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីត១៩ ដល់ប្រជាពល រដ្ឋគ្រប់រូបទាំងជនជាតិខ្មែរនិងបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃបានយ៉ាងរហ័ស មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុដែលបានកំណត់នោះទេ ថែមទាំងកុមារ តូចៗត្រូវបានផ្ដល់ឱកាសទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ជាហូរហែបន្តបន្ទាប់ទៀត។

ឯកឧត្តម ងួន រតនៈ បានបន្តថា ទាំងនេះពិតជាបានស្តែងឱ្យឃើញពីការគិតគូរ ការយកចិត្តទុក ដាក់នឹងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះប្រជាជាតិទាំងមូល។

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចអនុវត្តតាមសេចក្តី ប្រកាសរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ទោះបីបានទទួលវ៉ាក់សាំងរួមហើយក៏ដោយ៕