ឆេះមន្ទីរពេទ្យព្យាបាលកូវីដ១៩ នៅប្រទេសរ៉ូម៉ានី បណ្តាលឲ្យអ្នកជំងឺ ២នាក់ស្លាប់

 (ប៊ុយការ៉េស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា ក្រុមមន្ត្រីនៃប្រទេសរ៉ូម៉ានី បានរាយការណ៍ឱ្យ ដឹងថា អ្នកជំងឺ COVID-19 ចំនួន ០២នាក់ ដែលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុងផ្លូអេស្ទី (Ploiesti) ភាគកណ្តាលប្រទេស បានបាត់បង់ជីវិត ខណៈគិលានុបដ្ឋាយិកា ម្នាក់បានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះមន្ទីរពេទ្យនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យដ៏អាក្រក់ថ្មីមួយទៀត ក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ។

គ្រោះអគ្គិភ័យខាងលើបាន ចាប់ផ្ដើមឆាបឆេះនៅវេលាម៉ោងប្រហែល ០៩៖០០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍នេះ និងបានប៉ះពាល់លើ បន្ទប់មួយរបស់មន្ទីរពេទ្យ។ អ្នកជំងឺ COVID-19 សរុបចំនួន ១៥នាក់ ដែលរងការគំរាមកំហែងពីអគ្គិភ័យ ត្រូវបានបញ្ជូនចេញទៅកាន់ មន្ទីរពេទ្យផ្សេងទៀត។ បច្ចុប្បន្ននេះ មានអ្នកជំងឺច្រើនជាង ១៧,៤០០នាក់ ក្នុងនោះមានទាំងកុមារ ៣១០នាក់ កំពុង សម្រាកព្យាបាល COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសរ៉ូម៉ានី៕