គុយបាចោទប្រកាន់សហរដ្ឋអាមេរិក អំពីការព្យាយាមបង្កអស្ថិរភាពផ្ទៃក្នុង


(ឡាហាវ៉ាន់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់អោយដឹងថា រដ្ឋមន្រ្តីការបរទេសគុយបា លោក ប៊្រូណូ រ៉ូឌ្រីហ្គែស (Bruno Rodriguez) កាលពីថ្ងៃពុធសប្តាហ៍នេះ បានចោទប្រកាន់ រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន អំពីការ ព្យាយាមបំផុសឲ្យមានអស្ថិរភាពផ្ទៃក្នុង នៅប្រទេសដីកោះនេះ។

លោក រ៉ូឌ្រីហ្គែស បាននិយាយថា ប្រទេសតំបន់សមុទ្រការីបង់មួយនេះ មានសិទ្ធិដើម្បីការពារខ្លួន ពីទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក និងដើម្បីរក្សាការពារសុខសន្តិភាព ស្ថិរភាព និង ភាពសុខ សាន្ត ដែលសហរដ្ឋអាមេរិក មានបំណងព្យាយាមបំផ្លិចបំផ្លាញ។ ប្រមុខការទូតគុយបារូបនេះ បានបន្តថា រដ្ឋាភិបាលនិងប្រជាជនគុយបា នឹងប្តេជ្ញាការពារសិទ្ធិរបស់ពួកគេ ដើម្បីរក្សានូវសណ្តាប់ ធ្នាប់ក្នុងប្រទេស។

គួរបញ្ជាក់ថា ការថ្លែងដូចខាងលើ របស់លោករដ្ឋមន្រ្តីការបរទេសគុយបា ត្រូវបានធ្វើឡើង នៅមុន គម្រោងបាតុកម្មទ្រង់ទ្រាយធំមួយ ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ខណៈរដ្ឋាភិបាលគុយបា បានចោទថា សហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយខ្នង ហើយមិនបានផ្តល់ការអនុញ្ញាតឲ្យរៀបចំឡើងឡើយ៕