(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល ទទួលបាន គឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តី ជូនព័ត៌មាន ស្តីពីការទទួលបានមកវិញ នូវវត្ថុបុរាណខ្មែរចំនួនបួនរូប ពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋ អាមេរិក។
សេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញ នាពេលខាងមុខនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាង ត្បូង នៃទីក្រុងញូវយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអា មេរិក (HSI) បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរចំនួន៤រូប ដែលត្រូវបាន រឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។
វត្ថុបុរាណខ្មែរទាំង៤នេះរួមមាន៖
១៖ ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ថ្មភក់សម័យអង្គរ រចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២-ដើម ទី១៣។ យោងតាមព័ត៌មានពីសាក្សីបដិមានេះ ត្រូវបានគេរកឃើញ នៅក្នុងវាលស្រែក្បែរប្រាសាទ បុរាណមួយ ក្នុងខេត្តតាកែវ មិនឆ្ងាយពីតំបន់ទន្លេបាទី។
២៖ ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមសេចក្តីរាយការណ៍ពីសាក្សី បដិមានេះ ត្រូវបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។
៣៖ ជួងសំរឹទ្ធ សម័យបុរេប្រវត្តិ។ តាមសេចក្តីរាយការណ៍ពីសាក្សីជួងនេះ គឺជាវត្ថុមួយក្នុងចំណោម ដួងសំរឹទ្ធចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយ នៃខេត្តពោធិ៍សាត់-បាត់ដំបង។
៤៖ ផ្លែរព្រះនារាយណ៍ផ្ទំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមប្រភពពីសាក្សីបានឲ្យដឹងថា ផ្តែរនេះ ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណៈស្រដៀង នឹងផ្តែរនៅ ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំដែរ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនៈសម្បត្តិ ដ៏មានតម្លៃទាំងនេះ ត្រឡប់មកកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើង ជាមួយរដ្ឋាភិបាលសហ រដ្ឋអាមេរិក។
លោកជំទាវ បន្ដថា លទ្ធផលដែលទទួលបានជាបន្តបន្ទាប់នេះ ក៏ដោយសារកម្ពុជាយើងមានសុខ សន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដោយផ្តល់ឱកាសដល់ការវិលត្រឡប់មកវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរ សាត់ចាកឆ្ងាយពីមាតុភូមិកំណើត់អស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម។
លោកជំទាវ រដ្ឋមន្ត្រី បានអំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់ រក្សាទុកសម្បត្តិវប្បធម៌ខ្មែរ សូមទាក់ទងមកក្រសួង ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់ សម្បត្តិវប្បធម៌ទាំងនោះ ដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។
ក្រសួងកំពុងបន្តប្រមូលភស្តុតាងនៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បត្តិ វប្បធម៌ខ្មែរ៕
































