(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃ កម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងបញ្ជាក់ថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បី អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការ មេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱ កាសដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហ រដ្ឋអាមេរិក (US-ABC) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីលោកឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហរដ្ឋអាមេរិក (US-ABC) លោក លោកស្រីរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អគ្គលេខាធិការ អាស៊ាន សមាជិកUS-ABC និងគណៈប្រតិភូអមដំណើរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បញ្ហាប្រឈមដ៏ធំបំផុតដែលបង្កើតឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្រាប់តំបន់អាស៊ាន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់តំបន់ផ្សេងទៀតជុំវិញ ពិភពលោកផងដែរ។ តាមរយៈវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ពិភពលោកបានដើរលើគន្លងផ្លូវឆ្ពោះទៅរកការ ងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ហើយបច្ចុប្បន្ននេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានកំពុងធ្វើការឆ្ពោះ ទៅ រកការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីធានាការតភ្ជាប់ប្រកបដោយនិរន្តរភាព និងភាព ធន់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា ការបញ្ចប់ពិធីសារដើម្បី អនុវត្តកញ្ចប់សន្យាទី១២ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ការ បញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស គ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប ការ ដាក់ឱ្យដំណើរការការអនុវត្តពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រមព្រៀង ក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងបន្ថែមដល់ការរួមបញ្ចូលគ្នានៃ ការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ាន។

បន្ថែមពីលើនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរអំពីបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅក្នុងតំបន់ អាស៊ានជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុង ការរៀបចំកម្មវិធីប្រកបដោយ និរន្តរភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ផងដែរ៕

































