(ភ្នំពេញ)៖ តាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ នៅថ្ងៃសុក្រនេះ គឺលោក រ៉ុង ឈុន និងលោក សួង សុភណ្ឌ រួមទាំងសកម្មជន៥នាក់ទៀត ត្រូវបានតុលា ការដោះលែងឱ្យ ចេញពីពន្ធនាគារហើយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយសាលា ឧទ្ធរណ៍សម្រេចព្យួរ ទោសដែលនៅសេសសល់ និងផុតកំណត់ទោស។
សកម្មជនទាំង៧នាក់រួមមាន ១៖ រ៉ុង ឈុន ២៖ តុន និមល ៣៖ ឈ្មោះ សរ កណិកា ៤៖ ឈ្មោះ ឈឿន ដារ៉ាវី ៥៖ ហ៊ុន វណ្ណៈ ៦៖ ប៉ែន ច័ន្ទសង្គ្រាម ៧៖ សួង សុភ័ណ្ឌ។

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាលាឧទ្ធរណ៍បានកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹម១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់៨ខែ១៩ថ្ងៃទៀត ត្រូវបានព្យួរ។ ដោយឡែកសកម្មជន២នាក់គឺ លោក តុល និមល និង កញ្ញា ស កណិកា ក៏តុលាការកាត់ទោស តម្រឹម និងដោះលែងដូចគ្នា។
* សូមបញ្ជាក់៖ ចំពោះសំណុំរឿងរបស់លោក តុល និមល ត្រូវបានដោះលែងមួយករណី នៅសល់មួយ ករណីទៀត នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីអ្នកទាំង៣ខាងលើ មានយុវជន២នាក់ទៀតឈ្មោះ ហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី ត្រូវបាន តុលាការដោះលែងជាមួយគ្នាផងដែរ ក្រោយអនុវត្តទោសចប់សព្វគ្រប់។ បន្ថែមពីនេះតុលាការក៏បានដោះលែង លោក សួង សុភណ្ឌ និង ប៉ែន ច័ន្ទសង្គ្រាម ផងដែរ។
លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន។ ចំណែក លោក សួង សុភ័ណ្ឌ, លោក ប៉ែន ច័ន្ទសង្គ្រាម , លោក តុល និមល និងកញ្ញា ស កណិកា ដែលតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនជាបន្ទាប់កាលពីឆ្នាំមុន៕

































