(ទ្រីប៉ូលី)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា មន្ត្រីម្នាក់មកពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៃប្រទេសលីប៊ី បានឱ្យដឹងថា លោក សាអ៊ីហ្វ អាល់-អ៊ីស្លាម (Saif al-Islam Gaddafi) ដែលជាកូនប្រុសរបស់អតីត មេដឹកនាំលីប៊ី លោក Muammar Gaddafi បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីលីប៊ី សម្រាប់ការ បោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។
បើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតលីប៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក Saif al-Islam al-Gaddafi បានដាក់ពាក្យចុះឈ្មោះជាបេក្ខ ជនប្រធានាធិបតីលីប៊ីរបស់លោក ទៅកាន់ការិយាល័យគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាតិ ជាន់ខ្ពស់ដែលស្ថិតក្នុងទីក្រុង Sebha ស្ថិតនៅភាគខាងត្បូងនៃប្រទេស។
ការបោះឆ្នោតប្រធានាធិបតីលីប៊ី ត្រូវបានគេរំពឹងទុកថា ជាពេលវេលាដ៏សំខាន់មួយនៅក្នុងដំណើរ ការសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់ភាពចលាចលដ៏ហិង្សារយៈ ពេល ១ទសវត្សរមកនេះ ចាប់តាំងពីការបះបោរដែលគាំទ្រដោយអង្គការ NATO ឆ្នាំ២០១១ ប្រឆាំង នឹងលោក Muammar Gaddafi៕

































