ឯកឧត្តម ឡេង ប៉េងឡុង លើកឡើងថា មន្ត្រីមូលដ្ឋាន ត្រូវមានសមត្ថភាព ប្រជាប្រិយភាព និងឧត្តមភាពក្នុងការបំពេញ ការងារបម្រើពលរដ្ឋ

 (បាត់ដំបង)៖ ឯកឧត្តម ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវមានសមត្ថភាព ប្រជាប្រិយភាព និងឧត្តម ភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តម ឡេង ប៉េងឡុង បានធ្វើឡើងក្នុងកម្មវិធីបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់វត្តគរ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារគណបក្សចុះមូល ដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក មាស វិរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង បាន អានប្រកាសសមាសភាពបេក្ខជនសម្រាប់ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់វត្តគរមានចំនួន៣៥រូប សម្រាប់អាសនៈចំនួន១១។

ក្នុងឱកាសនោះ ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងថា ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមាន ភាពរីកចម្រើននិងរឹងមាំពីមួយដំណាក់កាលទៅមួយដំណាក់កាល គណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន បានបម្រើប្រជាជនដោយស្មោះត្រង់គិតពីអាយុជីវិត សុខទុក្ខប្រជា ពលរដ្ឋគ្រប់កាលៈទេសៈពិសេសកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជារួមជាមួយពិភពលោកប្រយុទ្ធទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ស្វែងរកនិងយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់រូបទូទាំងប្រទេសដោយមិនគិតថ្លៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា ការជ្រើសរើសបេក្ខជនក្នុងការបោះ ឆ្នោតស្ទាបស្ទង់ពេលនេះគឺបង្ហាញពីប្រជាធិបតេយ្យដែលកាន់តែរីកចម្រើនរឹងមាំឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់នេះត្រូវមានទី១៖ ប្រជាប្រិយភាព, ទី២៖ មានសមត្ថភាព ទី៣៖ ឧត្តមភាព ក្នុងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ សមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទាំង ការងារសន្តិសុខការងារអត្រានុកូលដ្ឋាននិងការសម្របសម្រួលដោះស្រាយវិវាទផ្សេងៗជូនប្រជាពលរដ្ឋ៕