(ភ្នំពេញ)៖ ក្នុងនាមជាប្រទេសភូមិផង និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្តីបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ ដែល កំពុងជួបវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ឆ្លើយតបចំពោះក្តីបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋាភិបាលជប៉ុន ជួយដល់ប្រទេសឡាវ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបពិភាក្សាការងារជាបន្តបន្ទាប់ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្នុងអ្នកព័ត៌មានថា នៅក្នុងជំនួបជា មួយនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុន ដោយ បង្ហាញនូវក្តីបារម្ភមួយចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ឡាវ ដែលកំពុងជួបវិបត្តិបណ្តាលមកពីការរាត ត្បាតជំងឺកូវីដ១៩។

ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ពីសំណើរបស់សម្តេចតេជោយ៉ាងដូច្នេះ «ជាមួយគ្នានេះ សម្តេចតេជោ បានស្នើជប៉ុន ពិចារណាជួយឡាវផង ដោយសារឡាវ កំពុងជួបបញ្ហាជំងឺឆ្លងផង និងបញ្ហាសេដ្ឋកិច្ច។ ដូច្នេះសុំឱ្យជប៉ុន ពិចារណាជួយទៅកាន់ភាគីឡាវ»។
ពាក់ព័ន្ធនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវនេះ ក្នុងជំនួបដាច់ដោយឡែក មួយទៀតជាមួយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោកស្រី ពីការផ្តល់ជំនួយរបស់កម្ពុជាទៅកាន់ប្រទេសឡាវ។ បន្ថែមពីលើនោះនៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាន សម្តេចក៏នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាមូលនិធិរបស់អាស៊ាន ទៅកាន់ប្រទេសឡាវផងដែរ។

បើតាមឯកឧត្តម បណ្ឌឹត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកស្រី ម៉ារស៊ូឌី បានកោតសរសើរកម្ពុជា ដែលបានផ្តល់ជំនួយទៅកាន់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩នេះ។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក៏បានអះអាងដែរថា ឥណ្ឌូនេស៊ី ក៏នឹងជួយឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន បានដកស្រង់សម្តីលោកស្រី ម៉ារស៊ូឌី មកបញ្ជាក់យ៉ាងដូច្នេះ «ក្នុង ចំណុចនេះលោកជំទាវ បានថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលកម្ពុជាយកចិត្តទុកដាក់ និងផ្តល់ជាជំនួយដល់ប្រទេសឡាវ ហើយលោកជំទាវមានប្រសាសន៍ថា ឥណ្ឌូនេស៊ី នឹងជួយដល់ ប្រទេសឡាវផងដែរ»៕

































