លោក អាបេ លើកឡើងថា «ជប៉ុន និងអាមេរិកមិនគួរនៅស្ងៀមឡើយ នៅពេលចិនវាយប្រហារ តៃវ៉ាន់»

 (តូក្យូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានថ្លែងបើកទំព័រខែថ្មីនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មិនគួរឈរនៅស្ងៀមនោះឡើយ ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។

លោក អាបេ ស៊ីនហ្សូ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើង ដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះសិនកាគុ (Senkaku) (ចិនហៅថា តៅយុ-Diaoyu) ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ សាគិស៊ីម៉ា (Sakishima) និង យ៉ូណា ហ្គូនិ (Yonaguni) មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បានសង្កត់ ធ្ងន់ជុំវិញបញ្ហានេះថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅ ដល់ជប៉ុនផងដែរ។

អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ថែមទាំងបានថ្លែងទៀតថា «គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្ន របស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាង ជប៉ុន-អាមេរិក ផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង មិនគួរមានការយល់ច្រឡំ ក្នុងបញ្ហានេះឡើយ»