(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ តបតាមការអញ្ជើញរបស់លោក Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹក ឡាន ឆាង-មេគង្គ លើកទី២ ក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញ ការអភិវឌ្ឍរួម» ដែលនឹងប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃ នៅថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ Zoom។

ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម លឹម គានហោ បានលើកឡើងអំពីសារសំខាន់ នៃទន្លេមេគង្គ-ឡានឆាង ដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ជួយជំរុញដល់កិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ច និងសង្គមសម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជាទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខ មាលភាព នៃប្រជាជនក្នុងអាងទាំងមូល។
រដ្ឋមន្រ្តីក្រសួងធនធានទឹកកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈម រួមមាន កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំនឹងផល ប៉ះពាល់ និងហានិភ័យ នៃការប្រែប្រួលអាកាសធាតុដែលកើតឡើង បាននឹងកំពុងដាក់សម្ពាធមក លើធនធាន និងនិរន្តរភាពទន្លេ។

ឯកឧត្តម អះអាងថា នេះជាទំនួលខុសត្រូវរួមរបស់ប្រទេសតាមដងទន្លេទាំងអស់ ដែលចាំបាច់ត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវធ្វើការរួមគ្នាឆ្ពោះទៅសម្រេចបាននូវលទ្ធផលប្រកប ដោយ និរន្តរភាព នៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកប ដោយចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង។

ឯកឧត្តម រដ្ឋមន្រ្តី លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែល សម្រេចបានរហូតមកទល់ពេលនេះ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយបាន រួមចំណែកជួយបណ្តាប្រទេសតាមដងទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និង បានជួយនាំមកនូវវិបុលភាព ក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែង ដែលក្នុងនោះ ក៏រួមទាំងកិច្ចសហប្រតិបត្តិការធនធានទឹកផងដែរ។
ឯកឧត្តម ក៏បានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការ កាន់តែជិតស្និតក្នុងស្មារតីនៃការទទួលខុសត្រូវរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នា ជាមួយនឹងកំណើនប្រកបដោយបរិយាប័ន្ន និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសតាម ដងទន្លេនីមួយៗ និងសម្រាប់តំបន់ឡានឆាង-មេគង្គទាំងមូល រួមគ្នា៕

































