អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកការដ្ឋានសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ មានកម្ពស់២៦ជាន់ នៅកណ្តាលរាជធានីភ្នំពេញ


 (ភ្នំពេញ)៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានកម្ពស់២៦ជាន់ ក្រោមដី៣ជាន់ និងង អាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ បានបើកការដ្ឋានសាងសង់ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ខណៈតាមផែនការគម្រោងនេះនឹងត្រូវ ចំណាយពេលរយៈពេលប្រមាណ៤ ទៅ៥ឆ្នាំ ទើបបញ្ចប់ដំណើរការសាងសង់។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋានសាងសង់នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញ បានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម ឃួង ស្រេង និងលោកស្រីបានធ្វើឱ្យគម្រោងសាងសង់មន្ទីរ ពេទ្យពហុជំនាញភ្នំពេញនាពេលនេះចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

តំណាងមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា «សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់ឡើង មានកម្ពស់២៦ជាន់, ខាងក្រោមដី៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ដែលជាពេទ្យឯកជនដែល បម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចម្បង»