(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះបាន ឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់ បានស្លាប់ ដោយសារខ្យល់ព្យុះទីហ្វុង Rai ដែលបានបង្កឱ្យ មានគ្រោះទឹកជំនន់ជន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដី កោះនេះ។ បើតាមអាជ្ញាធរហ្វីលីពីន មនុស្សដល់ទៅច្រើនជាង ៣០០,០០០នាក់ ត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ ស៊ីអាហ្គៅ (Siargao) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ ទើបល្បឿនខ្យល់របស់វាថយមកនៅត្រឹម ១៥៥គីឡូម៉ែត្រ ក្នុងមួយ ម៉ោង តែព្រមពេលជាមួយគ្នា មនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស ដោយសារព្យុះ មួយនេះដែលបានបង្កការខូចខាត ព្រមទាំងធ្វើឱ្យប្រជាជន នៅតាមតំបន់ជាច្រើនក្នុងប្រទេស ហ្វីលីពីន គ្មានអគ្គីសនីប្រើប្រាស់៕
































